ស្ថានការណ៍នៅព្រំដែនធូរស្រាលបន្ទាប់ពីថៃប្ដូរអ្នកដឹកនាំថ្មី
ដោយ ហង្ស សាវយុត
2011-08-30
បន្ទាប់ពីប្រទេសថៃ
បានផ្លាស់ប្ដូរមេដឹកនាំថ្មីកាលពីពេលថ្មីៗនេះ
ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-ថៃ
ហាក់មានភាពល្អប្រសើរឡើងវិញ
ហើយស្ថានការណ៍សន្តិសុខមួយចំនួនទៀតដែលធ្លាប់តែតានតឹងនៅតាម
ព្រំដែននៃប្រទេសទាំងពីរ ក៏ហាក់ដូចជាបានធូរស្រាលឡើងវិញដែរ។
មេបញ្ជាការយោធាខ្មែរដែលប្រចាំនៅព្រំដែនកម្ពុជា-ថៃ
បានឱ្យដឹងថា ស្ថានភាពប្រឈមមុខដាក់គ្នារវាងកងទ័ពខ្មែរ-ថៃ
នៅតាមចំណុចព្រំដែនជាច្រើនកន្លែងក្នុងខេត្តព្រះវិហារ
និងខេត្តឧត្តរមានជ័យ
ដែលធ្លាប់តែតានតឹងយ៉ាងខ្លាំងក្នុងរឿងជម្លោះព្រំដែនកន្លងទៅ
បានធូរស្រាលយ៉ាងច្រើននៅពេលបច្ចុប្បន្ននេះ។
ភាពធូរស្រាលចំពោះការប្រឈមមុខដាក់គ្នាដោយកងទ័ពនេះ
ត្រូវបានគេសម្គាល់ឃើញថា ចាប់តាំងពីរដ្ឋាភិបាលរបស់លោក អាភីស៊ិត
វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បានបាត់បង់អំណាចទៅ ហើយគណបក្សភឿថៃ
ដែលឈ្នះឆ្នោតបានឡើងកាន់អំណាចថ្មី។
លោកឧត្តមសេនីយ៍ ស្រី ឌឹក
មេបញ្ជាការកងយោធពលខេមរភូមិន្ទនៃកងពលធំអន្តរាគមន៍លេខ៣
ដែលគ្រប់គ្រងកងទ័ពខ្មែរការពារព្រំដែនជុំវិញប្រាសាទព្រះវិហារ
បានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី២៩ ខែសីហា ថា
ក្រោយពីការផ្លាស់នាយករដ្ឋមន្ត្រីថៃ មក
ស្ថានការណ៍ប្រឈមមុខដាក់គ្នានៅតាមព្រំដែនជុំវិញតំបន់ប្រាសាទ
ព្រះវិហារ ដែលធ្លាប់តែតានតឹងបានធូរស្រាលច្រើនខុសពីពេលមុនៗ។
មេបញ្ជាការយោធាដដែលបានមានប្រសាសន៍ថា
ពេលបច្ចុប្បន្ននៅតាមបន្ទាត់ព្រំដែនខ្លះ
គឺថៃបានកាត់បន្ថយកងទ័ពមួយចំនួន និងកម្ពុជា ក៏បានកាត់បន្ថយដែរ
ដែលធ្វើឱ្យស្ថានការណ៍ប្រឈមមុខដាក់គ្នាដោយយោធាកាន់តែធូរស្រាល
ហើយកងទ័ពទាំងសងខាងកាន់តែមានទំនាក់ទំនងជាមួយគ្នាឡើងវិញ។
ដោយសារស្ថានភាពជម្លោះព្រំដែនបានធូរស្រាល
ចំនួនអ្នកទេសចរណ៍ខ្មែរក៏បានឡើងទៅកម្សាន្តនៅលើកំពូលភ្នំ
ប្រាសាទព្រះវិហារ កាន់តែច្រើន ឯអ្នកទេសចរណ៍ថៃ ជាច្រើន
ក៏បានចាប់ផ្តើមចូលទៅលេងនៅជិតៗបន្ទាយកងទ័ពថៃ
ដែលនៅទល់មុខប្រាសាទព្រះវិហារផងដែរ។
លោកឧត្តមសេនីយ៍ ស្រី ឌឹក បន្ថែមថា ៖ «កន្លែងខ្លះយើងអាចអង្គុយ
ជាមួយគ្នាតែម្តង ដើម្បីឱ្យទុកចិត្តគ្នាទៅវិញទៅមក
កន្លែងខ្លះក៏មានការបាយរួមគ្នាទៅ ដើម្បីបញ្ចៀសសភាពការណ៍តានតឹង។
ពីដើមយើងភ្ជង់អាវុធដាក់គ្នាដៃក្នុងកៃ
ភ្នែករំពឹងតម្រង់ចុងកាណុងទៅវិញទៅមកអ៊ីចឹង
ដល់បច្ចុប្បន្ននេះធូរស្រាលបញ្ហាអាវុធបន្តិច។
និយាយអ៊ីចឹងមិនមែនមានន័យថា យើងដើរចោលទីតាំងទេ
យើងនៅតែអនុវត្តបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដដែល
ការពារបូរណភាពទឹកដី។ អ្វីដែលមានបទបញ្ជា
យើងត្រូវគោរពទៅតាមបទបញ្ជារបស់សម្ដេចប៉ុណ្ណោះ»។
ចំណែកនៅឯតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល
ខេត្តឧត្តរមានជ័យ ដែលកងទ័ពខ្មែរ-ថៃ
ធ្លាប់បានវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាចាប់ពីថ្ងៃទី២២ ខែមេសា
រហូតដល់ថ្ងៃទី៣ ខែឧសភា កន្លងមកដែរនោះ
មកដល់បច្ចុប្បន្នក៏ការប្រឈមមុខដាក់គ្នាដោយយោធាមានភាពប្រសើរ
ឡើងវិញដែរ។
ទាហានខ្មែរម្នាក់នៅក្នុងចំណុះកងពលតូចលេខ៤២
ដែលកំពុងប្រចាំការពារព្រំដែននៅប្រាសាទតាមាន់ធំ បានមានប្រសាសន៍ថា
តាំងពីប្រទេសថៃ
ដូរនាយករដ្ឋមន្ត្រីថ្មីមកគឺទាហានខ្មែរ-អាចទំនាក់ទំនងនិយាយស្ដីរក
គ្នាបាន មិនដូចកាលពីមុនទេ ៖ «នេះកាន់តែធូរស្រាលគ្រាន់ជាង
មុន។ សព្វថ្ងៃខ្ញុំនៅលើប្រាសាទហ្នឹង ធ្វើការជាមួយគ្នា
និយាយគ្នាលេង ប្រាចគ្នាលេងរាល់ថ្ងៃហ្នឹង។ នៅក្នុងការប្រុងហ្នឹង
យើងចេះតែប្រុងអ៊ីចឹងឯង យើងក៏មិនទុកចិត្តវា
វាក៏មិនទុកចិត្តយើង»។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា
ចាប់តាំងពីគណបក្សភឿថៃ
បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីថ្មីនៅក្នុងប្រទេសថៃ
លោកសម្គាល់ឃើញថា
ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលធ្លាប់តែប្រេះស្រាំកន្លងមក
ហាក់ដូចជាប្រសើរឡើងវិញ ដោយសារតែរដ្ឋាភិបាលថ្មីរបស់ថៃ
មានគោលនយោបាយ និងទស្សនៈវិស័យចង់ដោះស្រាយបញ្ហាផ្សេងៗ
ដូចគ្នានឹងរាជរដ្ឋាភិបាលកម្ពុជា
គឺថាចង់បានការដោះស្រាយដោយសន្តិភាព
មិនចង់បានការប្រើអំពើហិង្សាដាក់គ្នាដូចកាលពីជាង
៣ឆ្នាំកន្លងទៅនោះទេ៕
No comments:
Post a Comment