សិស្សគុនល្បុក្កតោកម្ពុជាជួបបញ្ហារឿងលិខិតឆ្លងដែន
ដោយ ដែន អយុធ្យា
2011-08-28
មន្ត្រីសហព័ន្ធកីឡាល្បុក្កតោកម្ពុជាអំពាវនាវដល់សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ ឬផ្នែកពាក់ព័ន្ធជួយអន្តរាគមន៍ឲ្យពន្លឿនការធ្វើលិខិតឆ្លងដែន។
លោក សាន ឌឹមស៊ាន ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា មានប្រសាសន៍នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ថា កម្ពុជាបានត្រៀមកីឡាករល្បុក្កតោចំនួន ៣នាក់ ឲ្យទៅចូលរួមប្រកួតប្រយុទ្ធក្បាច់គុនចម្រុះ (Mixed Martial Art Fighting) លំដាប់អន្តរជាតិ ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា នៅប្រទេសម៉ាឡេស៊ី។
លោកថា កីឡាករល្បុក្កតោកម្ពុជា ដែលត្រៀមបញ្ជូនទៅប្រកួតមានកីឡាករ សាយ តេវិន គង់ រ៉ាវី និង ថុន សារី។
លោក សាន គឹមស៊ាន គ្រូបង្ហាត់ល្បុក្កតោ មានរហស្សនាមថា «លោកគ្រូតាក្រមាមាស» បច្ចុប្បន្នបង្ហាត់នៅក្លឹបឃេវ័ន (K1) នារាជធានីភ្នំពេញ បានថ្លែងថា ពេលវេលាប្រកួតជិតចូលមកដល់ ប៉ុន្តែលិខិតឆ្លងដែនរបស់កីឡាករនៅមិនទាន់បាននោះឡើយទេ។
លោកបានអំពាវនាវទៅមន្ត្រីធ្វើលិខិតឆ្លងដែនក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ ស្នើជួយជំរុញផ្ដល់លិខិត្តឆ្លងដែន និងទិដ្ឋាការឲ្យសិស្សគុនល្បុក្កតោចំនួន ៣នាក់ ដែលសហព័ន្ធបានដាក់ពាក្យសុំចេញឲ្យបានឆាប់ ដើម្បីឲ្យសិស្សគុនល្បុក្កតោបានបង្ហាញសមត្ថភាពឲ្យពិភពលោកបានស្គាល់ និងជាតំណាងឲ្យប្រទេសកម្ពុជា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក បានថ្លែងថា គណៈកម្មការកីឡាអូឡាំពិក បានបញ្ជូនសំណើធ្វើលិខិតឆ្លងដែនរបស់សហព័ន្ធកីឡាល្បុក្កតោ បញ្ជូនទៅក្រសួងមហាផ្ទៃរួចហើយ និងរង់ចាំការអនុញ្ញាតពីក្រសួងមហាផ្ទៃ បញ្ជូនទៅការិយាល័យលិខិតឆ្លងដែនចុងក្រោយ។
ទោះយ៉ាងណា លោក គឹម ស៊ាន បានថ្លែងថា ក្បាច់គុនល្បុក្កតោកម្ពុជា អាចមានសំណាងល្អ ឬអាក្រក់ ចេញទៅប្រកួតជាលក្ខណៈអន្តរជាតិនៅម៉ាឡេស៊ី នៅដើមខែកញ្ញាខាងមុខ បានឬមិនបាន គឺអាស្រ័យនៅលើលិខិតឆ្លងដែន។ លោកមានជំនឿថា សមត្ថភាពកីឡាករ និងបច្ចេកទេសគឺមានគ្រប់គ្រាន់ ប៉ុន្តែមិនទាន់មានពេញបរិបូណ៌នោះទេ ព្រោះការបរិភោគអាហារសម្រាប់ទ្រទ្រង់រាងកាយរបស់កីឡាករនៅមានកម្រិតនៅឡើយ ដែលរហូតមកដល់ពេលនេះមិនមានស្ថាប័នពាក់ព័ន្ធណាមួយជួយឧបត្ថម្ភនោះទេ។
លោកគ្រូគុនល្បុក្កតោមានជំនឿថា ក្នុងរយៈពេលពី២ ទៅ៣ឆ្នាំទៀត ល្បុក្កតោកម្ពុជានឹងមានសង្ឃឹមឈ្នះការប្រកួតពី៨០ ដល់៩០% ប្រសិនបើមានអាហារហូបចុក ឬមានអ្នកទំនុកបម្រុងនោះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីការិយាល័យលិខិតឆ្លងដែនដើម្បីស្នើសេចក្ដីអត្ថាធិប្បាយបានទេជុំវិញកង្វល់របស់មន្ត្រីសហព័ន្ធកីឡាល្បុក្កតោបានទេនៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០១១។
លោកគ្រូតាក្រមាមាសបានឲ្យដឹងថា ការប្រកួតជើងឯកនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា គណៈកម្មការប្រកួតបានអនុញ្ញាតឱ្យប្រើក្បាច់គុណចម្រុះមានដូចជា ក្បាច់ប្រដាល់ ក្បាច់កីឡាកាស ការ៉ាតេ និងក្បាច់ផ្សេងៗជាច្រើន ដែលប្រទេសនីមួយៗ មានយកមកប្រកួតវៃលើសង្វៀនអន្តរជាតិ។
នៅឆ្នាំ២០០៩ កីឡាល្បុក្កតោកម្ពុជាបានចូលជាសមាជិកនៃសភាក្បាច់គុណយុទ្ធគុណពិភពលោករបស់កូរ៉េខាងត្បូង ដែលប្រទេសនេះជាប្រធាន។
មន្ត្រីសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានឲ្យដឹងដែរថា កាលពីឆ្នាំ២០១០ កីឡាល្បុក្កតោកម្ពុជាធ្លាប់បានចូលរួមក្នុងពិធីបុណ្យបង្ហាញក្បាច់គុណនៅប្រទេសកូរ៉េ ប្រកួតជាមួយ ១២ប្រទេស ក្នុងចំណោម ៣៧ប្រទេសជាសមាជិក។ លទ្ធផលក្បាច់ល្បុក្កតោកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២ នៃក្បាច់គុណបុរាណពិភពលោក៕
No comments:
Post a Comment