អាជ្ញាធរដាក់ផែនការគ្រប់គ្រងឡូត៍នេសាទ៣៥ដែលរដ្ឋដកហូតពីឯកជន
ដោយ សេក បណ្ឌិត
2011-08-30
អាជ្ញាធរបឹងទន្លេសាបបានដាក់ផែនការគ្រប់គ្រងឡូត៍នេសាទចំនួន
៣៥ ស្ថិតក្នុងតំបន់បឹងទន្លេសាប
បន្ទាប់ពីរដ្ឋាភិបាលដកហូតឡូត៍នេសាទទាំងនោះពីឯកជនមកជាសម្បត្តិ
រដ្ឋវិញ។
ការបង្ហាញពីគោលការណ៍គ្រប់គ្រង និងចាត់ចែងនេះ
បានអនុលោមទៅតាមសារាចរណែនាំរបស់រដ្ឋាភិបាល ចុះថ្ងៃទី២៦ ខែសីហា
ឆ្នាំ២០១១ ដែលតម្រូវឲ្យសមត្ថកិច្ចជំនាញ អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ
ត្រូវចូលរួមសហការគ្នាគ្រប់គ្រងឡូត៍ទាំងនោះឲ្យបានល្អ
ដើម្បីការពារធនធានជលផលព្រៃលិចទឹក
និងជីវចម្រុះនៅបឹងទន្លេសាបឲ្យសម្បូរណ៍ឡើងវិញ។
អាជ្ញាធរបឹងទន្លេសាបនឹងបញ្ចប់ការសិក្សាលើឡូត៍នេសាទទាំង ៣៥
ដែលទើបដកហូតពីឯកជននៅតំបន់បឹងទន្លេសាប និងឡូត៍នៅទន្លេសាប
ខេត្តកណ្ដាល និងរាជធានីភ្នំពេញ ក្នុងរយៈពេលប្រមាណជា
៣ខែខាងមុខទៀតនេះ។
នាយកខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុនិយម
និងជាអគ្គលេខាធិការអាជ្ញាធរបឹងទន្លេសាប លោក ចាន់ យុត្ថា
មានប្រសាសន៍នៅថ្ងៃអង្គារ ទី៣០ ខែសីហា ថា នៅក្រោយការសិក្សា
អាជ្ញាធរនឹងមានទិន្នន័យមួយច្បាស់លាស់ក្នុងការវាយតម្លៃ
និងសម្រេចថា នឹងត្រូវបិទឡូត៍ខ្លះចោល
និងមួយចំនួនទៀតអាចបង្រួមផ្ទៃក្រឡាឲ្យនៅតូច។
ឡូត៍នេសាទទាំង ៣៥នេះ ក្រោយពេលដកហូតពីថៅកែនឹងបិទមិនឲ្យដំណើរការរហូតដល់ឆ្នាំ២០១៤។
លោកថ្លែងបញ្ជាក់ដែរថា ទិសដៅរបស់អាជ្ញាធរបឹងទន្លេសាប
នឹងលុបឡូត៍នេសាទទាំងឡាយណាដែលនៅជាប់នឹងព្រៃលិចទឹកមុនគេ
ដើម្បីរក្សាតំបន់នោះជាតំបន់សម្រាប់អភិរក្សធនធានធម្មជាតិ
និងជីវចម្រុះ។
អនុប្រធានសហគមន៍នេសាទ កោះព្រែករាំងទិល ក្នុងខេត្តពោធិ៍សាត់ លោក
ឡុង សុចែត
បានគាំទ្រចំពោះផែនការអភិរក្សការពារធនធានធម្មជាតិនៅបឹងទន្លេសាប
នៅពេលនេះ និងសង្ឃឹមថា ផលត្រីនឹងកើនឡើងវិញនៅពេលខាងមុខ
សម្រាប់បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ក៏ប៉ុន្តែលោកនៅមានក្តីបារម្ភខ្លះថា
តើការបិទនេសាទនៅតំបន់នោះមានប្រសិទ្ធភាព ឬក៏យ៉ាងណា?
លោក ចាន់ យុត្ថា បានថ្លែងបញ្ជាក់ថា
យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលមានច្រើនទៀត
ក្នុងការទប់ស្កាត់បទល្មើសនេសាទនៅកន្លែងហាមឃាត់
ដោយមានគម្រោងបំពាក់កាមេរ៉ាស្វ័យប្រវត្តិចាំថតសកម្មភាពជនល្មើសនៅ
តំបន់ឡូត៍ហាមឃាត់។
ឡូត៍នេសាទទាំង ៣៥នោះ
នឹងគ្រប់គ្រងដោយផ្ទាល់ពីគណៈអភិបាលនៃអភិបាលខេត្តទាំង៥
រួមមានខេត្តបាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់
ដើម្បីការពារកុំឲ្យការជ្រៀតចូលទៅនេសាទនៅតំបន់នោះទៀត។
ចំពោះអាជ្ញាធរបឹងទន្លេសាបក៏មានតួនាទីសំខាន់សម្របសម្រួលដឹកនាំ
ត្រួតពិនិត្យលើសកម្មភាពទាំងនេះ
និងមានគណៈកម្មការអធិការកិច្ចដែលបង្កើតឡើងដោយរដ្ឋាបាល
ក៏មានតួនាទីចូលរួមត្រួតពិនិត្យដូចគ្នាដែរ
ទៅលើសកម្មភាពនៃបទល្មើសនេសាទដែលអាចនឹងកើតមាននៅតំបន់នោះ។
អ្នកនាំពាក្យគណបក្សប្រឆាំង សម រង្ស៊ី លោក យឹម សុវណ្ណ
មានប្រសាសន៍រិះគន់សកម្មភាពទប់ស្កាត់បទល្មើសនេសាទនៅកម្ពុជា
នៅពេលនេះថា វាហាក់ដូចជាហួសពេលទៅហើយ។
ទោះយ៉ាងនេះក្តី លោក ចាន់ យុត្ថា បានបង្ហាញថា
នៅរដូវបើកនេសាទនៅដើមខែតុលា ខាងមុខ
ផលត្រីនឹងកើនឡើងជាងពេលមុនៗ
ក្រោយពីបិទឡូត៍នេសាទជាលក្ខណៈសិប្បកម្ម និងឧស្សាហកម្មទាំង ៣៥ នេះ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និងខេត្តសៀមរាប
បានឲ្យដឹងថា បើទោះបីស្ថិតក្នុងរដូវហាមនេសាទ
ហើយរដ្ឋាភិបាលកម្ពុជា
បានប្រកាសដកហូតឡូត៍នេសាទនៅក្នុងបឹងទន្លេសាបទាំងអស់ពី
ក្រុមហ៊ុនមកជារបស់រដ្ឋវិញក៏ដោយ
ក៏នៅតែមានការលបលួចប្រើឧបករណ៍នេសាទត្រីខុសច្បាប់នៅតាមតំបន់
មួយចំនួននោះនៅឡើយ។
អ្នកភូមិមួយចំនួនរស់នៅក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង
បានសម្ដែងការព្រួយបារម្ភថា
ការវិនាសហិនហោចនៃពូជត្រីធម្មជាតិនៅក្នុងបឹងទន្លេសាប
នៅមិនទាន់បានបញ្ចប់នៅឡើយទេ
ដោយសារតែក្រុមជនខិលខូចមួយចំនួននៅតែឆ្លៀតឱកាសប្រើឧបករណ៍
ល្មើសច្បាប់ដើម្បីចាប់យកត្រីទាំងធំ និងតូចៗស្ទើរតែរៀងរាល់ថ្ងៃ។
អ្នកភូមិឲ្យដឹងថា
ចាប់តាំងពីទឹកជំនន់ទន្លេសាបបានឡើងលិចវាលស្រែជិតតំបន់ដែល
ពួកគាត់រស់នៅមក
ជនខិលខូចមួយចំនួនបានលបលួចប្រើស្បៃមុងធំៗដើម្បីចាប់យកកូន
ត្រីតូចៗទៅលក់ដូរ
ដោយមិនមានការបង្ក្រាបពីសមត្ថកិច្ចជំនាញណាមួយទេ។
ប៉ុន្តែមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បានអះអាងថា
មន្ត្រីជលផលបានបង្ក្រាបការនេសាទខុសច្បាប់នេះជាញឹកញាប់
និងបានលែងកូនត្រីទៅក្នុងបឹងធម្មជាតិវិញជាបន្តបន្ទាប់
ព្រមទាំងបានបំផ្លាញឧបករណ៍នេសាទខុសច្បាប់ប្រភេទអ៊ុយ
នៅតំបន់ចុងឃ្នៀស ក្រុងសៀមរាប ជាច្រើន កាលពីពេលថ្មីៗនេះ៕
No comments:
Post a Comment