ពលរដ្ឋត្អូញត្អែរអំពីកុងត្រូលជជុះនៅព្រំដែនខ្មែរ-ឡាវ
ដោយ រដ្ឋា វីសាល
2011-08-27
ប្រជាពលរដ្ឋអ្នករកស៊ីដឹកជញ្ជូនតាមផ្លូវទឹកពីស្រុក
សៀមប៉ាង ខេត្តស្ទឹងត្រែង ទៅតំបន់ព្រំដែនឡាវ តាមដងទន្លេសេកុង
ឲ្យដឹងថា ក្រុមសមត្ថកិច្ចប្រមាណ ១៣ក្រុម
បានដាក់ប៉ុស្តិ៍ឆែកឆេរទារប្រាក់ពីប្រជាពលរដ្ឋចំនួន ៥ម៉ឺនរៀល
ក្នុងទូកដឹកជញ្ជូនតូចមួយ ដែលបើកឆ្លងកាត់កន្លែងត្រួតពិនិត្យនោះ។
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក រដ្ឋា វីសាល នៅថ្ងៃសៅរ៍ ទី២៧
ខែសីហា ឆ្នាំ២០១១ នេះ ឲ្យដឹងថា
ប្រជាពលរដ្ឋដែលប្រកបរបរដឹកជញ្ជូនផលរបរពីភូមិរបស់ខ្លួន
ទៅលក់ឲ្យប្រជាពលរដ្ឋឡាវ នៅតំបន់ព្រំដែនជាប់និងស្រុកសៀមប៉ាង
ហើយដឹកជញ្ជូនផលិតផលប្រើប្រាស់ពីប្រទេសឡាវមកវិញ
បានត្អូញត្អែរពីការលំបាកក្នុងការធ្វើដំណើរតាមផ្លូវ
ដែលត្រូវចំណាយប្រាក់ច្រើន
និងខាតបង់ពេលវេលាដើម្បីចូលបង់ប្រាក់ឲ្យក្រុមសមត្ថកិច្ចទាំង
នោះ។
ប្រភពពីមន្ត្រីស្រុកសៀមប៉ាងមួយរូបសុំមិនឲ្យបញ្ចេញឈ្មោះមាន
ប្រសាសន៍ថា
លោកបានទទួលលិខិតពីប្រជាពលរដ្ឋដើម្បីផ្ដល់ជូនប្រព័ន្ធផ្សព្វ
ផ្សាយឲ្យផ្ដល់ព័ត៌មាននេះជូនថ្នាក់ដឹកនាំមានវិធានការបញ្ឈប់
ប៉ុស្តិ៍ត្រួតពិនិត្យដ៏ច្រើននោះ
ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតបានងាយ
ស្រួល ដូចប្រសាសន៍លោកនាយករដ្ឋមន្ត្រី
ដែលបានហាមមិនឲ្យមានកុងត្រូលនៅតាមផ្លូវ
រំខានការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ប្រភពបន្តថា
ក្រុមសមត្ថកិច្ចដែលបង្កើតប៉ុស្តិ៍ត្រួតពិនិត្យតាមដងទន្លេនោះ
រួមមានអង្គភាពកងរាជអាវុធហត្ថ ប៉ូលិស ទាហាន មន្ត្រីព្រៃឈើ
និងមន្ត្រីបរិស្ថាន។ រួមមាននៅចំណុចអូរឈើទាល
ចំណុចទីបញ្ជាការយោធាការពារព្រំដែន វរ១០១ ចំណុចអូរតាម៉លួយ
ចំណុចអូរខាំផា និងចំណុចអូរប៉ាន ៖ "ម៉ាប៉ុស្តិ៍សុទ្ធតែប្រាំ
ស្ថាប័ន ម៉ាស្ថាប័នយកប្រាំម៉ឺន វាអស់ ២៥ម៉ឺនហើយ
ក្នុងម៉ាទូកចុះទំរាំគ្រប់អា ១៣ប៉ុស្តិ៍នោះ វាអស់ច្រើន
ប្រជាជនពិបាកនឹងការរកស៊ី។ ប៉ុស្តិ៍១០១ ប៉ុស្តិ៍ទាហានគេ
ប៉ុស្តិ៍អូរឈើទាលហ្នឹង ប៉ុស្តិ៍ប៉ូលិស អាហ្នឹងដាក់យូរហើយ។
អាប៉ុស្តិ៍ក្រៅពីនោះ អាប៉ុស្តិ៍ថ្មី អាប៉ុស្តិ៍អត់ទង់ជាតិ។
ប៉ុស្តិ៍អូរតាម៉លួយ មានប្រាំស្ថាប័ន។
អាប៉ុស្តិ៍អូរខាំផាវាបួនស្ថាប័នទៀត"។
វិទ្យុអាស៊ីសេរីនៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០១១
មិនអាចទាក់ទងអភិបាលខេត្តស្ទឹងត្រែង លោក ឡូយ សូផាត
ដើម្បីសុំការបញ្ជាក់ពីសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋនៅស្រុក
សៀមប៉ាងបានទេ។
ក៏ប៉ុន្តែទាក់ទងការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅតាមដងផ្លូវ
លោកធ្លាប់បញ្ជាក់ថា
អាជ្ញាធរខេត្តមិនបានអនុញ្ញាតឲ្យបង្កើតប៉ុស្តិ៍ត្រួតពិនិត្យឡើយ
ក៏ប៉ុន្តែមានក្រុមបុគ្គលជាសមត្ថកិច្ចខ្លះ
បានប្រើប្រាស់ពេលយប់ស្ទាក់ឃាត់រថយន្តតាមផ្លូវ ដើម្បីយកប្រាក់
ដែលជាការពិបាកក្នុងការចាត់វិធានការបង្ក្រាប៕
No comments:
Post a Comment